1 Corinthians 15

1បងប្អូនអើយ! ​ឥឡូវនេះ​ខ្ញុំ​សូម​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹង​អំពី​ដំណឹងល្អដែល​ខ្ញុំ​បាន​ប្រកាសប្រាប់អ្នករាល់គ្នា​ជា​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល​និង​បាន​ឈរ​មាំ​មួននៅក្នុង​នោះ 2អ្នករាល់គ្នានឹង​ទទួល​បាន​សេចក្ដីសង្គ្រោះដោយសារដំណឹងល្អ​នោះ​ដែរបើ​អ្នករាល់គ្នា​ធ្វើតាមព្រះបន្ទូលដែល​ខ្ញុំ​បាន​ប្រកាសប្រាប់អ្នករាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួនបើមិនដូច្នេះទេអ្នករាល់គ្នាជឿគ្មាន​ប្រយោជន៍​ឡើយ 3ដ្បិតខ្ញុំ​ក៏​បាន​ប្រាប់អ្នករាល់គ្នាអំពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ជា​សេចក្ដី​ដំបូង​បំផុតគឺ​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គតដោយព្រោះបាប​របស់​យើងស្របតាមបទគម្ពីរ 4ហើយព្រះអង្គ​ត្រូវ​គេ​បញ្ចុះរួចនៅថ្ងៃទីបី​ព្រះអង្គ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញស្របតាមបទគម្ពីរ 5ព្រះអង្គបាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាសឃើញរួច​ឲ្យ​សាវក​ទាំង​ដប់ពីរ​ឃើញ​ដែរ 6ក្រោយមក​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូនជាងប្រាំរយនាក់ឃើញក្នុង​ពេល​តែមួយ។ ​ក្នុងចំណោម​ពួកគេ​ភាគច្រើននៅរស់រហូតដល់សព្វ​ថ្ងៃ​នេះប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់ហើយ​ដែរ 7បន្ទាប់មក​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុបឃើញរួច​ឲ្យ​ពួក​សាវកទាំងអស់​ឃើញ​ដែរ។ 8ចុងក្រោយបំផុត​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំឃើញ​ដែរ​សូម្បីតែ​ខ្ញុំ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ 9ដ្បិតក្នុងចំណោម​ពួក​សាវកខ្ញុំជាអ្នកតូចជាងគេ​ហើយ​មិនស័ក្ដិសមនឹង​ឲ្យ​គេ​ហៅថាជាសាវក​ផង​ព្រោះ​ខ្ញុំ​បាន​បៀតបៀនក្រុមជំនុំ​របស់​ព្រះជាម្ចាស់ 10ប៉ុន្ដែដែល​ខ្ញុំបាន​ត្រលប់​ដូចជា​សព្វថ្ងៃ​នេះ​គឺ​ដោយសារ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ហើយ​ព្រះ​គុណ​ដែល​ព្រះអង្គ​បាន​ផ្ដល់​មក​ខ្ញុំ​នោះ​មិន​មែន​ឥតប្រយោជន៍ឡើយផ្ទុយទៅវិញ​ខ្ញុំ​បាន​ធ្វើការយ៉ាង​ច្រើន​លើសអ្នកទាំងនោះ​ទៅទៀត​ប៉ុន្ដែមិន​មែន​ខ្ញុំទេគឺ​ជា​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ដែល​ស្ថិត​​នៅ​ជាមួយខ្ញុំវិញ 11ទោះបីខ្ញុំក្ដី​អ្នក​ទាំងនោះ​ក្ដី​យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ហើយ​អ្នករាល់គ្នា​ក៏​ជឿលើ​ដំណឹងល្អ​នោះ​ដែរ។ 12បើមាន​ការ​ប្រកាសថា​ព្រះ​គ្រិស្ដ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញហេតុអ្វីបានជា​អ្នក​ខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយ​ដូច្នេះ​ថាគ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់? 13បើគ្មាន​ការ​រស់​ឡើង​វិញ​សម្រាប់​មនុស្ស​ស្លាប់ទេ​នោះ​ព្រះ​គ្រិស្ដក៏​មិន​បាន​រស់ឡើងវិញដែរ 14ហើយបើ​ព្រះ​គ្រិស្ដមិន​បាន​រស់ឡើងវិញទេនោះការ​ប្រកាស​ដំណឹង​ល្អ​របស់​យើងឥតប្រយោជន៍​សោះ​ហើយជំនឿ​របស់​អ្នករាល់គ្នា​ក៏​ឥតប្រយោជន៍ដែរ 15លើសពីនេះទៀតបើ​មនុស្ស​ស្លាប់មិនរស់ឡើងវិញ​មែន​ក៏ឃើញ​ថា​យើង​ជា​សាក្សីក្លែងក្លាយ​អំពី​ព្រះជាម្ចាស់ដែរព្រោះ​យើង​បាន​ធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា​ព្រះអង្គ​បាន​ប្រោស​ព្រះ​គ្រិស្ដ​ឲ្យ​រស់ឡើងវិញដែលព្រះអង្គមិន​បាន​ប្រោស​ឲ្យ​រស់ឡើងវិញផង​នោះ 16ដ្បិតបើ​ពួក​មនុស្ស​ស្លាប់មិនរស់ឡើងវិញទេ​នោះ​ព្រះ​គ្រិស្ដក៏​មិន​បាន​រស់​ឡើង​វិញដែរ 17ហើយបើ​ព្រះ​គ្រិស្ដមិន​បាន​រស់ឡើងវិញ​មែន​នោះ​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​គ្មាន​ប្រយោជន៍​សោះ​ហើយ​អ្នករាល់គ្នានៅក្នុងបាប​របស់​អ្នករាល់គ្នាដដែល 18បើដូច្នេះមែន​ពួក​អ្នកដែល​បាន​ស្លាប់នៅក្នុង​ព្រះ​គ្រិស្ដក៏វិនាសដែរ 19ប្រសិនបើយើង​សង្ឃឹមលើ​ព្រះ​គ្រិស្ដតែនៅក្នុងជីវិតនេះ​នោះ​យើងវេទនា​ជាង​មនុស្សទាំងអស់​ទៅ​ទៀត 20ប៉ុន្ដែឥឡូវនេះ​ព្រះ​គ្រិស្ដ​មាន​ព្រះជន្ម​រស់ពីការសោយទិវង្គតឡើងវិញ​មែន​គឺជា​ផលដំបូង​នៃ​ពួក​អ្នកដែល​បាន​ស្លាប់ទៅ 21ដ្បិតសេចក្ដីស្លាប់​បាន​ចូលមក​តាមរយៈមនុស្សម្នាក់​នោះ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់ក៏​បាន​ចូលមក​តាមរយៈមនុស្សម្នាក់ដែរ 22ដ្បិតមនុស្ស​ទាំងអស់​បាន​ស្លាប់ដោយសារ​លោក​អ័ដាមជាយ៉ាងណា​នោះ​មនុស្ស​ទាំងអស់ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់ដោយសារ​ព្រះ​គ្រិស្ដជាយ៉ាងនោះដែរ 23ប៉ុន្ដែម្នាក់ៗតាមលំដាប់​រៀង​ខ្លួន​គឺ​ព្រះ​គ្រិស្ដ​ជា​ផលដំបូងបន្ទាប់មក​គឺ​ពួក​អ្នកដែលជា​របស់​ព្រះ​គ្រិស្ដនៅពេលព្រះអង្គយាងមក 24ក្រោយពីព្រះអង្គ​បំផ្លាញអស់ទាំងការគ្រប់គ្រងសិទ្ធិអំណាចព្រមទាំងអំណាចទាំងឡាយ​រួច​ហើយ​ព្រះអង្គ​ថ្វាយនគរ​ដល់​ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា​រួច​ក៏​ដល់​ទីបញ្ចប់ 25ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់​ព្រះអង្គ​ដាក់​ខ្មាំង​សត្រូវទាំងអស់​ឲ្យ​នៅក្រោមបាទា 26ហើយខ្មាំង​សត្រូវចុងក្រោយ​ដែល​ត្រូវ​បំផ្លាញ​នោះ​ជាសេចក្ដីស្លាប់ 27ដ្បិតព្រះអង្គ​បាន​ដាក់​អ្វីៗ​ទាំងអស់ឲ្យនៅក្រោមបាទាប៉ុន្ដែនៅពេល​ព្រះអង្គ​មានបន្ទូលថា​បាន​ដាក់​អ្វីៗ​ទាំងអស់​ឲ្យ​នៅ​ក្រោម​នោះ​ច្បាស់ជាមិន​រាប់​ទាំង​ព្រះអង្គ​ផ្ទាល់​ដែល​បាន​ដាក់​អ្វីៗ​ទាំងអស់​ឲ្យ​នៅ​ក្រោម​ទេ 28លុះដល់ពេល​អ្វីៗ​ទាំងអស់ស្ថិតនៅក្រោមព្រះអង្គ​ហើយ​ទើបព្រះរាជបុត្រាផ្ទាល់​នឹង​ស្ថិតនៅក្រោម​ព្រះ​មួយ​អង្គ​ដែល​បាន​ដាក់​អ្វីៗ​ទាំងអស់​ឲ្យ​នៅ​ក្រោមព្រះអង្គដែរដើម្បី​ឲ្យ​ព្រះជាម្ចាស់​សោយរាជ្យ​លើ​គ្រប់​ទាំងអស់​នៅក្នុង​គ្រប់​ការ​ទាំងអស់។ 29បើមនុស្ស​ស្លាប់មិនរស់ឡើងទេ​តើ​ពួក​អ្នកដែល​ទទួល​ពិធី​ជ្រមុជទឹកក្នុង​នាម​ជា​មនុស្ស​ស្លាប់​ធ្វើ​អ្វី? ​ហេតុអ្វី​បានជា​ពួកគេ​ទទួល​ពិធី​ជ្រមុជទឹកក្នុង​នាម​ជាមនុស្សស្លាប់ដូច្នេះ? 30ហេតុអ្វីបានជា​យើង​ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? 31បងប្អូនអើយ! ​ដោយសារ​មោទនៈភាពដែល​ខ្ញុំ​មានដោយសារអ្នករាល់គ្នានៅក្នុង​ព្រះ​គ្រិស្ដយេស៊ូជាព្រះអម្ចាស់​របស់​យើង​ខ្ញុំ​សូម​ស្បថថា​ខ្ញុំ​ស្លាប់រាល់ថ្ងៃ 32បើខ្ញុំ​ប្រយុទ្ធ​ជាមួយ​សត្វ​សាហាវនៅ​ក្រុង​អេភេសូរក្នុង​នាម​ជាមនុស្សសាមញ្ញតើ​មាន​ប្រយោជន៍អ្វី​ដល់​ខ្ញុំ? ​បើ​មនុស្ស​ស្លាប់មិនរស់ឡើងវិញដូច្នេះ​ចូរ​យើង​ស៊ីផឹកទៅព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់ 33កុំឲ្យ​ចាញ់បញ្ឆោតឡើយ​ដ្បិត​ការសេពគប់​មនុស្ស​អាក្រក់បំផ្លាញកិរិយាល្អ 34ចូរភ្ញាក់​ស្មារតី​ឡើង​ដោយ​រស់នៅ​យ៉ាងសុចរិត​ចុះ​កុំប្រព្រឹត្ដបាបឡើយព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់ទេ​ខ្ញុំ​និយាយដូច្នេះដើម្បី​ឲ្យ​អ្នករាល់គ្នាខ្មាស 35ប៉ុន្ដែមុខជា​មាន​អ្នក​ខ្លះសួរថា​តើ​មនុស្ស​ស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ​ពេល​ពួកគេ​រស់​ឡើង​វិញ​តើ​មានរូបកាយយ៉ាងដូចម្ដេច​ដែរ? 36មនុស្សល្ងង់អើយ! ​អ្វី​ដែលអ្នកព្រោះទៅបើមិនងាប់ទេ​វា​ក៏​មិនដុះឡើង​ដែរ 37ហើយអ្វី​ដែល​អ្នក​ព្រោះទៅ​នោះ​មិន​ដូច​ដើមដែល​នឹង​ដុះឡើងទេគឺ​អ្នក​ព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញប្រហែលជា​គ្រាប់​ស្រូវ​គ្រាប់​អ្វីផ្សេងទៀត 38ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាង​ឲ្យ​គ្រាប់​នោះ​តាមដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យព្រមទាំង​ឲ្យ​គ្រាប់ពូជនិមួយៗ​មាន​រូបរាង​របស់​វា​ផ្ទាល់ 39សាច់ទាំងអស់មិនដូចគ្នាទេគឺ​មាន​សាច់​មនុស្សសាច់សត្វសាច់បក្សីនិង​សាច់​ត្រី 40ហើយមាន​រូបកាយ​នៅ​ស្ថានសួគ៌​និងរូបកាយ​នៅ​ផែនដីប៉ុន្ដែសិរីរុងរឿងរបស់​រូបកាយ​នៅ​ស្ថានសួគ៌​ផ្សេងពីសិរីរុងរឿងរបស់​រូបកាយ​នៅ​ផែនដី 41ម្យ៉ាងទៀតពន្លឺថ្ងៃពន្លឺខែនិងពន្លឺផ្កាយ​ក៏​ខុសប្លែក​ពី​គ្នា​ដែរ​សូម្បីតែ​ពន្លឺផ្កាយនិមួយៗ​ក៏​ខុសប្លែកពីគ្នា​ដែរ 42ឯការ​រស់​ឡើង​វិញរបស់​មនុស្ស​ស្លាប់ក៏ដូច្នេះដែរ​រូបកាយ​ដែល​ត្រូវ​កប់ទៅជា​រូបកាយ​ពុករលួយ​ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់ឡើងវិញជា​រូបកាយ​មិនពុករលួយ​ឡើយ។ 43រូបកាយដែល​ត្រូវ​កប់ទៅជា​រូបកាយ​ថោកទាប​ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់ឡើងវិញជា​រូបកាយ​រុងរឿង។ ​រូបកាយ​ដែល​ត្រូវ​កប់ទៅជា​រូបកាយ​ខ្សោយ​ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់ឡើងវិញជា​រូបកាយ​មាន​អំណាច 44រូបកាយដែល​ត្រូវ​កប់ទៅ​ជា​រូបកាយ​ខាង​សាច់ឈាម​ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់ឡើងវិញ​ជា​រូបកាយ​ខាង​វិញ្ញាណបើមានរូបកាយ​ខាង​សាច់ឈាម​នោះ​ក៏មាន​រូបកាយ​ខាង​វិញ្ញាណដែរ 45ដូច្នេះក៏​មាន​សេចក្ដីចែង​ទុក​ដែរថា៖ ​«លោក​អ័ដាម​ដែល​ជា​មនុស្សទីមួយ​បាន​ត្រលប់ជាមានជីវិតរស់» ​ប៉ុន្ដែ​លោក​អ័ដាមចុងក្រោយជាវិញ្ញាណ​ដែល​ផ្ដល់ជីវិត 46ដ្បិតមិន​មាន​រូបកាយ​ខាងវិញ្ញាណមុនទេ​គឺ​មាន​រូបកាយ​ខាង​សាច់​ឈាម​មុន​រួច​ទើប​មាន​រូបកាយ​ខាងវិញ្ញាណជាក្រោយ 47មនុស្សទីមួយ​កើត​មក​ពី​ធូលី​ដី​ប៉ុន្ដែ​មនុស្សទីពីរ​កើត​មក​ពីស្ថានសួគ៌​វិញ។ 48មនុស្សម្នាក់​មក​ពី​ធូលីដីជា​យ៉ាង​ណា​នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ធូលីដីក៏ជា​យ៉ាង​នោះដែរហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌ជា​យ៉ាង​ណា​នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ 49យើងមានរូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ធូលីដីជា​យ៉ាង​ណា​នោះ​យើង​នឹង​មានរូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​នោះ​ដែរ 50បងប្អូនអើយ! ​ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះថាសាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់​ទុក​ជា​មរតកបានឡើយ​ហើយ​ភាព​ពុករលួយក៏​មិន​អាច​ទទួលភាព​មិន​ពុករលួយ​ទុក​ជា​មរតក​បាន​ដែរ 51មើល៍ខ្ញុំ​ប្រាប់អ្នករាល់គ្នា​អំពី​អាថ៌កំបាំងមួយថា​យើង​ទាំងអស់គ្នា​នឹង​មិនស្លាប់ទេព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែទាំងអស់គ្នា 52ក្នុងរយៈពេល​ដ៏​ខ្លី​គឺ​តែ​មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​នៅ​ពេល​សំឡេង​ត្រែចុងក្រោយលាន់ឡើង​ពេល​នោះ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​ពុករលួយ​ទៀត​ទេ​រួចយើង​នឹង​ត្រូវ​ផ្លាស់ប្រែ 53ដ្បិតរូបកាយ​ដែលពុករលួយនេះត្រូវតែពាក់ភាព​មិន​ពុករលួយហើយ​រូបកាយ​ដែល​តែងតែ​ស្លាប់នេះ​ត្រូវ​តែ​ពាក់ភាព​មិន​ចេះ​ស្លាប់ 54ហើយនៅពេល​រូបកាយ​ដែល​ពុក​រលួយនេះពាក់ភាព​មិន​ពុករលួយរួច​រូបកាយ​ដែល​តែងតែ​ស្លាប់នេះពាក់ភាព​មិន​ចេះ​ស្លាប់ពេលនោះ​នឹង​សម្រេចព្រះបន្ទូល​ដែល​បាន​ចែងថា៖ ​«ជ័យជម្នះ​បាន​លេប​យក​សេចក្ដីស្លាប់ហើយ 55ឱសេចក្ដី​ស្លាប់អើយ! ​តើ​ជ័យជម្នះ​របស់​ឯងនៅឯណា? ​ឱ​សេចក្ដី​ស្លាប់អើយ! ​តើ​ទ្រនិច​របស់​ឯងនៅឯណា 56ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាបហើយអំណាចរបស់បាបជាក្រឹត្យវិន័យ 57ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែល​បាន​ប្រទានជ័យជម្នះ​ដល់​យើងតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង 58ដូច្នេះបងប្អូន​ជា​ទីស្រលាញ់អើយ! ​ចូរ​ត្រលប់ជា​អ្នកមាំមួន​ហើយ​មានចិត្ដនឹង​ទាំង​ធ្វើការរបស់ព្រះអម្ចាស់ឲ្យ​កាន់តែ​ច្រើនជានិច្ច​ចុះ​ដោយ​ដឹងថាការ​នឿយ​ហត់​របស់​អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ
Copyright information for KhmKCB